Friday, March 13, 2009

គោលគំនិតប្រជាធិបតេយ្យតាមព្រះសុត្តន្តបិដក



គោលគំនិតប្រជាធិបតេយ្យតាមព្រះសុត្តន្តបិដក

principle of democracy in Suttanta Pitaka
1.គោលសេរីភាពផ្នែកគំនិត ព្រះពុទ្ធជាម្ចាស់ទ្រង់បើកឱកាសឲ្យអ្នកស្រុកកាលាមៈត្រិះរិះពិចារណាជឿ ឬ មិនជឿពាក្យ ប្រៀនប្រដៅរបស់អ្នកបួសដែលមកផ្សព្វផ្សាយសាសនាដូចមានសេចក្តីដូចតទៅនេះ
"ម្នាលកាលាមៈទាំងឡាយ​! អ្នកទាំងឡាយកុំអាលជឿគ្រាន់តែព្រោះ
1. ការស្តាប់ឮតាមៗគ្នាមក(មា អនុស្សវេន=កុំអាល ជឿតាមសេចក្តីរាយការណ៍)
2.ការប្រកាន់តាមៗគ្នាមក(មា បរម្បបរាយ=កុំអាលជឿតាមទំនៀមដែលកាន់តៗគ្នាមក)"

3.ពាក្យចចាមអារាម​(មា ឥតិកិរាយ =កុំអាលជឿតាមពាក្យចចាមអារាម)

4.ការអាងក្បួនច្បាប់ (មា បិដកសម្បទានេន =កុំអាលជឿតាមការអាងក្បួនច្បាប់)

5.តក្កៈ (មា ​តក្កហេតុ=កុំអាលជឿតាមតក្កវិទ្យា)

6.លំនឹកស្មាន (មា នយហេតុ =កុំអាលជឿតាមលំនឹកស្មាន)

7.ការត្រិះរិះតាមអាការ (មា អាការបរិវិតក្កេន=កុំអាលជឿតាមការត្រិះរិះតាមអាការ)

8.ចូលនឹងទ្រឹស្ថីដែលខ្លួនបានគ្នាន់គ្នេរទុក (មា ទិដ្ឋិនិជ្ឈាខន្តិយា=កុំអាលជឿព្រោះតែចូលនឹងទ្រឹស្តី ដែលខ្លួនបានគ្នាន់គ្នេរទុក)

9.មើលឃើញរូបរាងគួរឲ្យជឿបាន (មា ភព្វរូបតាយ =កុំអាលជឿព្រោះមើលឃើញរូបរាងគួរ ឲ្យជឿបាន)

10.យល់ឃើញថា សមណៈនេះជាគ្រូរបស់យើង (មា សមណោ នោ គរូតិ =កុំអាលជឿព្រោះយល់ ឃើញថា សមណៈនេះជាគ្រូរបស់យើង) ។

លុះត្រាតែយល់ច្បាស់ដោយខ្លួនឯង ថា ធម៌ទាំងនោះ ជាអកុសល ជាកុសល មានទោស មិនមាន ទោសជាដើមហើយ គួរលះចោល ​ឬ កាន់បដិបត្តិតាមនោះ" ។

2.គោលសមភាគ ក្នុងព្រះធម្មវិន័យ យើងសង្កេតឃើញអច្ឆរិយភាព 8 យ៉ាង ដោយប្រៀបធៀប អច្ឆរិយភាព​របស់មហាសមុទ្រ 8 យ៉ាង​ដូចតទៅ

  1. ព្រះធម្មវិន័យ ឬ ព្រះពុទ្ធសាសនាមានការសិក្សារៀនសូធ្យតាមលំដាប់លំដោយ ធ្វើតាម​លំដាប់លំដោយ បដិបត្តិតាមលំដាប់លំដោយ ចាក់ធ្លុះចំពោះអរហត្តមគ្គដោយការធ្វើយ៉ាងជាប់ លាប់ដូចយ៉ាងមហាសមុទ្រមានជម្រៅជ្រៅទៅតាមលំដាប់ ។
  2. សាវ័ករបស់ព្រះពុទ្ធជាម្ចាស់ពិតប្រាកដមិនសុខចិត្តប្រព្រឹត្តល្មើសសិក្ខាបទដែលទ្រង់បញ្ញត្តទុកជាដាច់ខាត សូម្បីត្រូវលះបង់ជីវិតក៏មិនសុខចិត្តល្មើសដែរ ប្រៀបដូចជាមហាសមុទ្រមិនចេះហៀរមាត់ច្រាំង ដូច្នោះ ។
  3. សង្ឃតែងបន្សាត់បុគ្គលអាក្រក់ឲ្យអណ្តែតចេញទៅឆ្ងាយប្រៀបដូចជាមហាសមុទ្របក់ផាត់បន្សាត់សាកសពឲ្យអណ្តែតចូលទៅកាន់មាត់ច្រាំង ដូច្នោះ ។
  4. វណ្ណៈទាំង​​ 4 កាលចេញបួសហើយត្រូវលះបង់គោត្តនាមពីមុនចោល ដល់នូវការរាប់ថាជា​ សមណសក្យបុត្រប្រៀបដូចជាទឹកហូរចេញពីស្ទឹងទាំងឡាយ កាលមកដល់មហាសមុទ្រហើយ ក៏ក្លាយទៅជាទឹកមហាសមុទ្រដូចគ្នាទាំងអស់ ។
  5. ទោះបីជាភ្លៀងបង្អុរចុះយ៉ាងណា មហាសមុទ្រក៏នៅតែមិនពេញប្រៀប ភិក្ខុក្នុងធម្មវិន័យនេះ ដែលរំលត់កិលេសដោយនិព្វានធាតុ ក៏មិនធ្វើឲ្យព្រះនិព្វានពេញដែរ ។
  6. ព្រះធម្មវិន័យមានរសជាតិតែមួយ គឺ វិមុត្តិរស-រសជាតិនៃសេចក្តីរួចផុតស្រឡះចាកកិលេស ប្រៀបដូចជាមហាសមុទ្រមានរសជាតិតែមួយ គឺ រសជាតិប្រៃ ។
  7. មហាសមុទ្រសម្បូរទៅដោយរតនៈផ្សេងៗយ៉ាងណា ព្រះធម្មវិន័យក៏សម្បូរទៅដោយធម្មរតនៈ គឺ សតិបដ្ឋាន 4 សម្មប្បធាន 4 ឥទ្ធិបាទ 4 ឥន្រ្ទីយ៍ 5 ពលៈ 5 ពោជ្ឈង្គ 7 មគ្គ 8 យ៉ាងនោះ ។
  8. មហាសមុទ្រជាជម្រករបស់ជីវសត្វធំៗដូចជា ត្រីតិមិតិមង្គលា តិបរិមង្គលា អសូរ នាគ គន្ធព្វ យ៉ាងណា ព្រះធម្មវិន័យក៏មានអរិយបុគ្គល 4 និង អ្នកបដិបត្តិដើម្បីអរិយបុគ្គល 4​ យ៉ាងនោះ ។ ព្រោះហេតុនោះ ទើបធ្វើឲ្យភិក្ខុត្រេកអរក្នុងព្រះធម្មវិន័យនេះ ។
3.គោលភាតរភាព ឬ​ សហធម្មិក អ្នកបដិបត្តិធម៌រួមគ្នា គួរមានគុណធម៌ដូចតទៅនេះ
  • សង្គហវត្ថុ 4 គឺ (ទាន)ចេះចែករំលែកវត្ថុទាន ឬ ធម្មទាន​ដែលខ្លួនមានដល់អ្នកដទៃ, (បិយវាចា)ពោលវាចាពីរោះផ្អែម​ល្ហែមបណ្តុះសាមគ្គីភាពទៅរកអ្នកដទៃ, (អត្ថចរិយា) បំពេញ​ប្រយោជន៍​សាធារណៈ,(សមានត្តតា)​ បដិបត្តិស្មើដើមស្មើចុង គឺ​ បដិបត្តិដោយស្មើមុខគ្នាចំពោះ ជនានុជន រួមសុខរួមទុក្ខ ចូលរួមដោះស្រាយតាមឋានៈ​ ហេតុការណ៍ និង កាលៈទេសៈ​ ។
  • សារាណីយធម៌ 6 គុណធម៌សម្រាប់ការរស់នៅរួមគ្នា គោលសម្របសម្រួល គឺ (មេត្តាកាយកម្ម​) ជួយខ្វល់ខ្វាយក្នុងកិច្ចការរបស់អ្នកនៅរួមគ្នាដោយសេចក្តីពេញចិត្ត សម្តែងកិរិយាសុភាពរាបសា គោរពរាប់អានគ្នាទាំងនៅចំពោះមុខ និង កំបាំងមុខ, (មេត្តាវចីកម្ម) ជួយប្រាប់អ្វីដែលជា​ប្រយោជន៍ ដាស់តឿនក្រើនរំលឹកដោយបំណងល្អ ពោលវាចាសុភាពរាបសា សម្តែងសេចក្តី គោរពរាប់អានគ្នាទាំងនៅចំពោះមុខ និង កំបាំងមុខ, (មេត្តាមនោកម្ម) ផ្គងចិត្តគិតល្អ គឺ គិតអ្វី ដែលជាប្រយោជន៍ដល់គ្នាទៅវិញទៅមក នឹកគិតរកគ្នាដោយសុទិដ្ឋិនិយម មានទឹកមុខ​ញញឹម​ញញែមរកគ្នាទាំងនៅចំពោះមុខ និង កំបាំងមុខ, (សាធារណភោគិតា ឬ អប្បដិវត្តភោគី) កាលបើបានវត្ថុណានីមួយមកដោយសុចរិត​ ទោះតិចតួចក្តី ក៏យកមកចែករំលែកគ្នាបរិភោគ ​ មិន ហួងហែងទុកតែម្នាក់ឯង,(សីលសាមញ្ញតា) មានកិរិយាប្រព្រឹត្តសុចរិតត្រឹមត្រូវតាមរបៀប​វិន័យទាំងនៅចំពោះមុខ និង កំបាំងមុខ,(ទិដ្ឋិសាមញ្ញតា) មានគំហើញត្រូវដូចគ្នា ដែលជាគោល ការណ៍ដ៏សំខាន់ឆ្ពោះទៅរកការរំលត់ទុក្ខ ឬ ដោះស្រាយបញ្ហាបាន ។
​​ គុណធម៌ទាំង​ 6 នេះ មានគោលបំណងដូចតទៅ
  • ដើម្បីធ្វើឲ្យអ្នកនៅរួមគ្នាចាំដក់ជាប់ក្នុងចិត្ត (សារាណីយៈ)
  • ដើម្បីធ្វើឲ្យអ្នកនៅរួមគ្នាកើតសេចក្តីស្រឡាញ់ (បិយករណ៍)
  • ដើម្បីធ្វើឲ្យអ្នកនៅរួមគ្នាកើតសេចក្តីគោរព (គរុករណ៍)
  • ដើម្បីអនុគ្រោះស្រុះស្រួលគ្នា (សង្គហៈ)
  • ដើម្បីមិនឲ្យកើតជម្លោះ (អវិវាទ)
  • ដើម្បីសាមគ្គីព្រមព្រៀងគ្នា (សាមគ្គី)
  • ដើម្បីឯកភាពគ្នាជាធ្លុងមួយ (ឯកីភាវៈ)
  • គោលអបរិហានិយធម៌ 7 គោលធម៌ដែលជាទីតាំងនៃសេចក្តីរីកចម្រើន មិនអាប់ឱនដុនដាប សម្រាប់អ្នកគ្រប់គ្រងរដ្ឋ​ គឺ
  1. បើកសម័យប្រជុំជាប្រចាំ
  2. ព្រមព្រៀងគ្នាចូលរួមប្រជុំ-ធ្វើច្បាប់ដែលត្រូវធ្វើ និង ព្រមព្រៀងគ្នាបិទប្រជុំ
  3. មិនធ្វើវិសោធនកម្មគោលការណ៍ដើមចោល
  4. គោរពអ្នកចាស់ទុំនយោបាយ
  5. គោរពសិទ្ធិស្រ្តីមិនឲ្យត្រូវគេរំលោភ
  6. គោរពប្រាសាទ ចេតីយ៍ វីរបុរស វិមានឯករាជ្យ វិមានអនុសាវរីយ៍សំខាន់ៗរបស់ជាតិ
  7. រក្សាការពារសមណៈព្រាហ្មណ៍អ្នកបដិបត្តិល្អ បដិបត្តិត្រឹមត្រូវក្នុងប្រទេស
4.គោលការណ៍ប្រើប្រាស់អធិបតេយ្យ ព្រះពុទ្ធជាម្ចាស់ទ្រង់និយមយក ធម្មាធិបតេយ្យ គឺ គោលការណ៍ច្បាប់ជាធំ មិនយក អត្តាធិបតេយ្យ យកខ្លួនឯងជាធំ ឬ លោកាធិបតេយ្យ យកបក្ស​ពួកជាធំទេ សមដូចតម្រាស់ដែលព្រះអង្គត្រាស់ទុកថា
"ទីណាគ្មានសប្បុរស ទីនោះមិនមែនជាសភាទេ "
សប្បុរស គឺ អ្នកស្គាល់ហេតុ-ស្គាល់ផល-ស្គាល់មនុស្ស-ស្គាល់ប្រមាណ-ស្គាល់កាល-ស្គាល់ប្រជុំជន-និង ស្គាល់សម្ពន្ធភាពរវាងបុគ្គល ទើបពោលបានថា
"ព្រះធម្មវិន័យ របស់ព្រះពុទ្ធជាម្ចាស់ជាគោលការណ៍គ្រប់គ្រងរបស់ព្រះសង្ឃ ដោយព្រះសង្ឃ និង ដើម្បីព្រះសង្ឃ ដែលមានប្រយោជន៍ 10 យ៉ាង ជាគោលដៅ​ គឺ
  1. ដើម្បីសង្ឃទទួលស្គាល់ថាល្អប្រពៃ
  2. ដើម្បីឲ្យសង្ឃមានសេចក្តីសុខស្រួល
  3. ដើម្បីបង្រាបមនុស្សអាក្រក់
  4. ដើម្បីការពារមនុស្សល្អ
  5. ដើម្បីកម្ចាត់ទុក្ខនាបច្ចុប្បន្ន
  6. ដើម្បីកម្ចាត់ទុក្ខនាអនាគត
  7. ដើម្បីអ្នកដែលមិនទាន់ជ្រះថ្លា​ បានមានសេចក្តីជ្រះថ្លា
  8. ដើម្បីរក្សាទឹកចិត្តរបស់អ្នកដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាថែមទៀត
  9. ដើម្បីសេចក្តីតាំងនៅគង់វង្សនៃព្រះសទ្ធម្ម គឺ ព្រះពុទ្ធសាសនា
  10. ដើម្បីអនុគ្រោះព្រះវិន័យ គឺ គោលការណ៍ដ៏ល្អប្រពៃនៃការរស់នៅរួមគ្នាដោយសន្តិភាព"
លទ្ធិប្រជាធិបតេយ្យ ចាត់ទុកថាជាគោលការណ៍គ្រប់គ្រងរបស់ប្រជាជន ដោយប្រជាជន និង ដើម្បីប្រជាជន ក្នុងការបញ្ញត្តច្បាប់ក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ​មានគោលបំណង 10 យ៉ាង គឺ
  1. ដើម្បីប្រជាជនទទួលស្គាល់ថាត្រឹមត្រូវ
  2. ដើម្បីឲ្យប្រជាជនមានសុវត្ថិភាព ស្ថេរភាព
  3. ដើម្បីដាក់ទោសជនល្មើសច្បាប់
  4. ដើម្បីការពារអ្នកគោរពច្បាប់
  5. ដើម្បីដោះស្រាយស្ថានការណ៍នាបច្ចុប្បន្ន
  6. ដើម្បីដោះស្រាយស្ថានការណ៍នាអនាគត
  7. ដើម្បីលើកទឹកចិត្តអ្នកដែលមិនទាន់គោរពច្បាប់ ឲ្យបែរមកគោរពច្បាប់
  8. ដើម្បីរក្សាទឹកចិត្តរបស់អ្នកដែលគោរពច្បាប់ហើយ ឲ្យកាន់តែគោរពច្បាប់ថែមទៀត
  9. ដើម្បីភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ
  10. ដើម្បីលើកស្ទួយអន្តរប្បញ្ញត្តិ គឺ គោលការណ៍ល្អប្រពៃនៃការរួមរស់ជាមួយគ្នាដោយសន្តិភាព ដូច្នេះហោង ។

No comments:

Post a Comment