Monday, February 22, 2010

ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ



យើងច្រើនតែឮពាក្យថា ជីវិត គឺ ការសិក្សា ការសិក្សា គឺ ការកែប្រែជីវិត តើជីវិតគឺជាអ្វី? នេះជាសំណួររបស់មនុស្ស ស្ទើរតែគ្រប់គ្នាដែលបានកើតជាមនុស្សហើយ ដើម្បីចូលរួមចំណែក ក្នុងការឆ្លើយនឹងចម្ងល់ដ៏ធំនេះ ស្មេរក៏ត្រូវអធិប្បាយរំគាយសេចក្តីទៅតាមសតិបញ្ញាដែល ឆ្លងកាត់ ការសិក្សាអំពីជីវិតមក
ជីវិត គឺ ការរស់នៅ ការរស់នៅគឺជាអ្វី? ការរស់នៅ គឺ ការដែលមានខ្យល់ដកដង្ហើមចេញចូលបាន ឬ ការរស់នៅ ដោយអាស្រ័យគ្រឿងផ្សព្វផ្សើមផ្សេងៗ ប៉ុន្តែនៅទីនេះនិយាយតែពីការរស់នៅរបស់ មនុស្សប៉ុណ្ណោះ ខ្យល់ដកដង្ហើមរបស់មនុស្សមាន ២ យ៉ាង គឺ ខ្យល់ដកដង្ហើមចេញ និង ខ្យល់ដកដង្ហើមចូល បើខ្វះខ្យល់ដកដង្ហើមចេញចូល ជីវិតនេះក៏ឈ្មោះថា មានខ្យល់ដកដង្ហើមទៅ ប្រាសហើយ ដែលយើងដឹងឮជាទូទៅថា ដាច់ខ្យល់ ឬ ស្លាប់ បាត់បង់ជីវិត ។ល។ ប៉ុន្តែមុននឹងចូលដល់កម្រិតនៃការផុតរលត់ខ្យល់ដកដង្ហើម មនុស្សត្រូវមានជីវិតរស់នៅសិន កាលបើត្រូវរស់នៅលើលោកនេះ មនុស្សត្រូវតែតស៊ូជាមួយនឹងឧបសគ្គរបស់ជីវិត ឧបសគ្គរបស់ ជីវិត គឺ កង្វះខាតបច្ច័យគ្រឿងទ្រទ្រង់ជីវិត ពោលគឺ មនុស្សត្រូវប្រើប្រាស់គ្រឿងឧបភោគបរិភោគ ដើម្បីទ្រទ្រង់ជីវិត កាលបើតម្រូវការរបស់មនុស្សត្រូវអាស្រ័យលើគ្រឿងឧបភោគបរិភោគបែបនេះ មនុស្សចាំបាច់ត្រូវតែត្រដរតស៊ូស្វែងរកអ្វីទាំងអស់ នេះដើម្បីបំពេញកង្វះខាត ក្នុងការស្វែងរក បច្ច័យគ្រឿងទ្រទ្រង់ជីវិត ច្បាស់ណាស់ថា មនុស្សត្រូវតែមានបញ្ញាក្នុងការ ស្វែងរកបើខ្វះបញ្ញា ដែលជាឧបករណ៍ក្នុងការស្វែងរកទេ ច្បាស់ជាពិបាកនឹងស្វែងរកគ្រឿងឧបភោគបរិភោគទាំង នោះណាស់ ធនាករធម្មជាតិកើតមានដើម្បីមនុស្ស ប៉ុន្តែមានចំនួនកម្រិត ហេតុនោះ ក្នុងការ ស្វែង រកទ្រព្យ មនុស្សត្រូវប្រណាំងប្រជែងគ្នា ឬ ប្រទាញប្រទង់គ្នាដើម្បី បានមកនូវអ្វីដែល ហៅថា ទ្រព្យសម្បត្តិ បញ្ញាចាត់ជាឧបករណ៍ស្វែងរកទ្រព្យបានយ៉ាងប្រសើរ ប៉ុន្តែបញ្ញាមិនមែនកើតឡើង ឯងៗនោះទេ បញ្ញាកើតឡើងបានត្រូវឆ្លងកាត់ការសិក្សារៀន សូធ្យ ការសិក្សាចាត់ជាប្រព័ន្ធអភិវឌ្ឍ បញ្ញារបស់មនុស្ស(សុតំ បញ្ញាយ វឌ្ឍនំ) មនុស្សដែលកើតមកហើយលើ លោកនេះត្រូវតែអភិវឌ្ឍ បញ្ញា ប្រសិនបើមិនអភិវឌ្ឍបញ្ញាទេ ក៏ក្លាយទៅជាមនុស្សអប្បបញ្ញា(បើប្រទេសជាតិត្រូវតែអភិវឌ្ឍ ឲ្យរីកចម្រើន បើមិនអភិវឌ្ឍទេ ក៏ក្លាយទៅជាប្រទេសអប្បាភិវឌ្ឍន៍underdeveloped country) កម្លៅជួយ ជាន់ពន្លិចជីវិតរបស់មនុស្សដែលខ្វះការសិក្សារៀនសូធ្យ ក្នុងការស្វែងរកចំណេះដឹងនោះ ពាក្យថា ខ្ជិលច្រអូស បុគ្គលអ្នកស្រឡាញ់ការសិក្សា មិនត្រូវឲ្យមានឡើយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ថា បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ បុគ្គលខ្ជិលច្រអូសតែងមិនពើបប្រទះផ្លូវនៃបញ្ញា សម្តែងថាព្រះអង្គ ត្រាស់ដាស់តឿនមនុស្សឲ្យស្វែងរកបញ្ញាដោយសេចក្តីឧស្សាហ៍ព្យាយាម ព្រោះបញ្ញាមិនមែន កើតឡើងដោយសេចក្តីខ្ជិលច្រអូសនោះទេ ព្រះសម្មាសម្ពុទ្ធជាម្ចាស់មុននឹងបានត្រាស់ដឹង សច្ចធម៌ទាំងពួងនោះ ព្រះអង្គបានទទួលការសិក្សារៀនសូធ្យពី សម្នាក់នៃគ្រូវិទ្យាចារ្យជាច្រើននាក់ និយាយម្យ៉ាងទៀតថា ព្រះអង្គជាអ្នកស្រឡាញ់ការសិក្សាតាំងពីក្មេងមក សូម្បីតែការចេញពីវាំង ទៅបួស ក៏កើតចេញពីការសិក្សាស្រាវជ្រាវទាក់ទងនឹងជីវិតរបស់មនុស្សដែរ ប៉ុន្តែការសិក្សារបស់ ព្រះអង្គមិនមែនផ្តោតតែលើចំណេះដឹងតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែការសិក្សារបស់ព្រះអង្គផ្តោតទៅ លើការស្វែងរកច្រកចេញឲ្យដល់ជីវិត ទីបំផុត ព្រះអង្គក៏អាចរកឃើញច្រកចេញរបស់ជីវិតបាន មាន ន័យថា ព្រះអង្គបានបញ្ចប់ការសិក្សាអំពីជីវិតរបស់មនុស្សហើយ​ បានសម្រេចដល់គោលបំណង ខ្ពង់ខ្ពស់របស់ជីវិតហើយ ការសិក្សាអំពីជីវិតរបស់មនុស្សនោះ ព្រះអង្គមិនបានសិក្សាក្នុងស្ថាប័ន ការសិក្សាឬមហាវិទ្យាល័យណានោះទេ ប៉ុន្តែព្រះអង្គបានសិក្សាក្នុងថ្នាក់ មហាលោកាល័យធម្មជាតិ សញ្ញាបត្រដែលព្រះអង្គទទួលបានក្នុងការសិក្សានេះមានឈ្មោះថាអនុត្តរសម្មាសម្ពោធិញាណ ជា សញ្ញាបត្រសម្តែងដល់ចំណេះដឹងដែលទាក់ទងនឹងការរកឃើញធម្មជាតិពិតរបស់ ជីវិតបានយ៉ាង ត្រឹមត្រូវដែលចំណេះដឹងនេះគ្មានវិទ្យាចារ្យជាមនុស្ស ឬព្រះអាទិទេពណាជាអ្នកបង្ហាត់បង្រៀន ព្រះអង្គនោះទេ បញ្ញាញាណនេះកើតឡើងដោយសេចក្តីប្រឹងប្រែងរបស់ព្រះអង្គផ្ទាល់ ក្រោយពី ព្រះអង្គរកឃើញសច្ចធម៌របស់ជីវិតហើយ ព្រះអង្គក៏យកសច្ចធម៌ទាំងនោះទៅបង្ហាត់បង្រៀន ដល់មនុស្សលោកតទៅរហូតដល់ព្រះអង្គផុតរលត់ខ្យល់ដកដង្ហើមទៅនៅព្រះជន្ម ៨០ ឆ្នាំ ។