Wednesday, October 7, 2009

មាត្រា 8

មាត្រា 8
គណៈមន្ត្រីសម្របសម្រួលការងារអាស៊ាន
១.គណៈមន្ត្រីសម្របសម្រួលការងារអាស៊ានប្រកបដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន និង ជួបប្រជុំគ្នាយ៉ាងហោចណាស់ ១ ឆ្នាំ ២ ដង ។
២.គណៈមន្ត្រីសម្របសម្រួលការងារអាស៊ាននឹង
(ក) ត្រៀមរៀបចំជំនួបនៃកិច្ចប្រជុំកំពូលអាស៊ាន
(ខ) សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀង និង សេចក្តីសម្រេចចិត្តរបស់កិច្ចប្រជុំកំពូលអាស៊ាន
(គ) សម្របសម្រួលការងារជាមួយនឹងគណៈមន្ត្រីសហគមអាស៊ានដើម្បីបង្កបង្កើនភាពស្អិតរមួតផ្នែក នយោបាយ ប្រសិទ្ធិភាព និង សហប្រតិបត្តិការរវាងគ្នា ។
(ឃ)សម្របសម្រួលរបាយការណ៍របស់គណៈមន្ត្រីសហគមអាស៊ានចំពោះកិច្ចប្រជុំកំពូលអាស៊ាន ។
(ង) ពិចារណារបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការលើការងារអាស៊ាន ។
(ច)ពិចារណារបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការលើមុខងារ និង កិច្ចានុវត្តន៍របស់ លេខាធិការដ្ឋានអាស៊ាននិងអង្គការដែលពាក់ព័ន្ធដទៃទៀត ។
(ឆ) ឲ្យសត្យានុមតិការតែងតាំងនិងការបញ្ចប់តួនាទីរបស់អគ្គលេខាធិការរងតាមអនុសាសន៍របស់ អគ្គលេខាធិការ និង អនុវត្តភារកិច្ចដទៃទៀតដែលបានកំណត់ទុកក្នុងធម្មនុញ្ញនេះ ឬ មុខងារដទៃទៀតតាមដែលកិច្ចប្រជុំកំពូលអាស៊ានអាចនឹងប្រគល់ឲ្យ ។
៣.គណៈមន្ត្រីសម្របសម្រួលការងារអាស៊ាននឹងត្រូវជ្រោមជ្រែងដោយឧត្តមមន្ត្រីដែលពាក់ព័ន្ធ ។



Tuesday, June 2, 2009

ជំពូក 4

ជំពូក 4
អង្គការ
មាត្រា 7
កិច្ចប្រជុំកំពូលអាស៊ាន
1.កិច្ចប្រជុំកំពូលអាស៊ានប្រកបដោយប្រមុខរដ្ឋ ឬ រដ្ឋាភិបាលនៃរដ្ឋសមាជិក
2.កិច្ចប្រជុំកំពូលអាស៊ាន :
(ក)ជាអង្គការកំពូលក្នុងការធ្វើនយោបាយរបស់អាស៊ាន
(ខ)ពិភាក្សាផ្តល់អនុសាសន៍នយោបាយ និង សម្រេចចិត្តលើរឿងជាគន្លឹះដែលទាក់ទងនឹងការ សម្រេចគោលដៅរបស់អាស៊ាន លើរឿងសំខាន់ៗដែលជាផលប្រយោជន៍របស់រដ្ឋសមាជិក និងលើរឿងគ្រប់បែបយ៉ាងដែលបានដាក់ស្នើដល់កិច្ចប្រជុំកំពូលអាស៊ានដោយគណៈមន្ត្រីសម្រប សម្រួលការងារអាស៊ាន គណៈមន្ត្រីសហគមអាស៊ាន និង អង្គការថ្នាក់រដ្ឋមន្ត្រីប្រចាំផ្នែកអាស៊ាន
(គ) បង្គាប់ការដល់រដ្ឋមន្ត្រីដែលពាក់ព័ន្ធក្នុងគណៈមន្ត្រីនីមួយៗ ឲ្យប្រារព្ធធ្វើកិច្ចប្រជុំថ្នាក់អន្តររដ្ឋមន្ត្រី ពិសេស និងប្រឹក្សារឿង សំខាន់ៗទាក់ទងនឹងអាស៊ានដែលគ្របដណ្តប់ទាំងគណៈមន្ត្រីសហគម ​ វិធានទម្រង់ការសម្រាប់កិច្ចប្រជុំនោះ នឹងត្រូវអនុម័តដោយគណៈមន្ត្រីសម្រួបសម្រួល ការងារ អាស៊ាន ។
(ឃ)ប្រឈមមុខដោះស្រាយស្ថានការណ៍អាសន្នដែលប៉ះពាល់អាស៊ានដោយចាត់វិធានការសមស្រប ។
(ង)សម្រេចចិត្តលើរឿងដែលលើកស្នើចំពោះកិច្ចប្រជុំកំពូលអាស៊ានក្រោមជំពូក 2 និង ជំពូក 8 ។
(ច) អនុម័តឲ្យបង្កើតនិងរំលាយអង្គការរដ្ឋមន្ត្រីប្រចាំផ្នែក និង ស្ថាប័នអាស៊ានដទៃទៀត និង
(ឆ)តែងតាំងអគ្គលេខាធិការអាស៊ានដែលមានសក្តិនិងឋានៈស្មើនឹងរដ្ឋមន្ត្រីបម្រើការងារដោយទំនុកទុកចិត្តនិងតាមពំនេញចិត្តរបស់ប្រមុខរដ្ឋ ឬ រដ្ឋាភិបាលតាមអនុសាសន៍របស់កិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសអាស៊ាន ។
(ជ)កិច្ចប្រជុំកំពូលអាស៊ាននឹងត្រូវប្រារព្ធធ្វើ ១ ឆ្នាំ ២ ដងនិងត្រូវធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសមាជិកដែល កាន់តំណែងប្រធានអាស៊ាន និង
(ឈ)កោះហៅប្រជុំនៅពេលណាមានសេចក្តីចាំបាច់ក្នុងឋានៈជាកិច្ចប្រជុំពិសេស ឬ កិច្ចប្រជុំសាមញ្ញ ដែលធ្វើជាប្រធានដោយរដ្ឋសមាជិកដែលកាន់តំណែងប្រធានអាស៊ានត្រង់កន្លែងប្រជុំដែលរដ្ឋសមាជិកអាស៊ានយល់ព្រមរួមគ្នា ។

Saturday, May 30, 2009

មាត្រា 6

មាត្រា 6

មាត្រា 6

ការទទួលសមាជិកថ្មី

1.ទម្រង់ការក្នុងការស្នើសុំ និង ការទទួលសមាជិកថ្មីរបស់អាស៊ានត្រូវបានកំណត់ដោយគណៈមន្ត្រី សម្របសម្រួលការងារអាស៊ាន ។
2.ការទទួលសមាជិកថ្មីអាស្រ័យលើលក្ខណៈវិនិច្ឆ័យដូចតទៅនេះ
(ក) ទីតាំងភូមិសាស្រ្តត្រូវទទួលស្គាល់ថាស្ថិតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។
(ខ) ការទទួលស្គាល់ដោយរដ្ឋសមាជិករបស់អាស៊ានទាំងអស់ ។
(គ)ការយល់ព្រមដែលនឹងចងឆ្វាក់ និង ការគោរពតាមធម្មនុញ្ញនេះ និង
(ឃ) សមត្ថភាព និង ការសុខចិត្តអនុវត្តនីតិកាតព្វកិច្ចរបស់រដ្ឋសមាជិកភាព ។
3.ការទទួលសមាជិកថ្មីនឹងត្រូវសម្រេចដោយឆន្ទាមតិដោយកិច្ចប្រជុំកំពូលអាស៊ានតាមសំណើរបស់គណៈមន្ត្រីសម្របសម្រួល ការងារអាស៊ាន ។
4.បេក្ខរដ្ឋនឹងបានទទួលចូលជាសមាជិកអាស៊ានបាននៅពេលចុះហត្ថលេខាលើត្រាសារសម្បត្តិធម្មនុញ្ញនេះ ។

Friday, May 29, 2009

មាត្រា 5

មាត្រា 5
មាត្រា 5
នីតិសិទ្ធិ និង នីតិកាតព្វកិច្ច
1.រដ្ឋសមាជិកតែងមាននីតិសិទ្ធិ និង​ នីតិកាតព្វកិច្ចស្មើៗគ្នាខាងក្រោមធម្មនុញ្ញនេះ ។
2. ឲ្យរដ្ឋសមាជិកចាត់វិធានការចាំបាចំគ្រប់បែបយ៉ាង រួមទាំងការអនុម័តច្បាប់ក្នុងប្រទេសដែលសមរម្យ ដើម្បីអនុវត្តតាមបទបញ្ញត្តិនៃធម្មនុញ្ញនេះយ៉ាងមានប្រសិទ្ធិភាព និង ដើម្បីប្រតិបត្តិតាមនីតិកាតព្វកិច្ច ទាំងអស់របស់រដ្ឋសមាជិក ។
3.ក្នុងករណីមានការប្រព្រឹត្តកន្លងឬមិនប្រតិបត្តិតាមធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ឲ្យចាត់ការទៅតាមមាត្រា 20 ។​

ជំពូក 3

ជំពូក 3
សមាជិកភាព

មាត្រា 4
រដ្ឋសមាជិក
រដ្ឋសមាជិករបស់អាស៊ាន គឺ ប្រូណេទារុស្លាម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្តូណេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ ម៉ាឡេស៊ី សហភាពភូមា(ម្យៀនម៉ារ) សាធារណរដ្ឋហ្វីលិពិន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃ និង សាធារណរដ្ឋសង្គមនិយមវៀតណាម ។

ជំពូក 2

ជំពូក 2
នីតិបុគ្គលភាព
មាត្រា 3
នីតិបុគ្គលភាពរបស់អាស៊ាន
អាស៊ានក្នុងឋានៈជាអង្គការអន្តររដ្ឋាភិបាលបានទទួលនីតិបុគ្គលភាពតាមរយៈធម្មនុញ្ញនេះ ។

Thursday, May 28, 2009

មាត្រា 2(អាស៊ាន)

មាត្រា 2 (អាស៊ាន)

មាត្រា 2
គោលការណ៍
  1. ក្នុងការអនុវត្តឲ្យបានសម្រេចនូវគោលបំណងដែលមានចែងក្នុងមាត្រា 1, អាស៊ាន និង រដ្ឋសមាជិករបស់អាស៊ានអះអាង និង ប្រកាន់ខ្ជាប់ចំពោះគោលការណ៍ជាមូលដ្ឋានដែលប្រាកដ​មានក្នុងអនុសាវនា អនុមតិ អនុសញ្ញា កិច្ចព្រមព្រៀង សន្ធិសញ្ញា និង ត្រាសារដទៃទៀតរបស់​អាស៊ាន​ ។
  2. អាស៊ាន និង រដ្ឋសមាជិករបស់អាស៊ានប្រតិបត្តិទៅតាមគោលការណ៍ដូចតទៅនេះ
(ក) ការគោរពឯករាជភាព អធិបតេយ្យភាព សមភាព បូរណភាពដែនដី និង អត្តសញ្ញាណជាតិរបស់ រដ្ឋសមាជិកទាំងអស់​ ។​
(ខ) សហកិច្ចសន្យា និង សហភារកិច្ចក្នុងការបង្កបង្កើនសន្តិភាព សន្តិសុខ និង វិបុលភាពក្នុងភូមិភាគ ។
(គ) បំណោះបង់អំពើឈ្លានពាន និង អំពើគំរាមគំហែង ឬ ការប្រើកម្លាំង ឬ សកម្មភាពដទៃទៀតក្នុង លក្ខណៈណាមួយដែលទទឹងទាស់នឹងច្បាប់អន្តរជាតិ ។
(ឃ) ពំនឹងពំនាក់លើអធិករណសមថៈ(ការដោះស្រាយជម្លោះ)ដោយសន្តិវិធី​ ។
(ង) អនន្តរាគមន៍(ការមិនជ្រៀតជ្រែក)ក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន ។
(ច) ការគោរពសិទ្ធិរបស់រដ្ឋសមាជិកនីមួយៗក្នុងការដឹកនាំអត្ថិភាពនៃជាតិរបស់ខ្លួនដោយប្រាសចាក​អន្តរាគមន៍(អំពើជ្រៀតជ្រែក) ​វិទ្ធង្សនា(អំពើចូលបំផ្លាញ) និង ពលក្ការ(អំពើបង្ខំទាំងកំរោល)ពីខាងក្រៅ ។
(ឆ) កិច្ចពិគ្រោះយោបល់ដែលធ្វើឲ្យប្រសើរឡើងអំពីរឿងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​ផលប្រយោជន៍ រួមគ្នារបស់អាស៊ាន ។
(ជ) សេចក្តីប្រកាន់ខ្ជាប់ចំពោះនីតិវិធាន ធម្មាភិបាល(អភិបាលកិច្ចល្អ) គោលការណ៍ប្រជាធិបតេយ្យ និង រដ្ឋាភិបាលអាស្រ័យរដ្ឋធម្មនុញ្ញ ។
(ឈ) ការគោរពសេរីភាពជាមូលដ្ឋាន ការលើកស្ទួយ​ និង ការការពារសិទ្ធិមនុស្ស និង ការលើកស្ទួយ យុត្តិធម៌សង្គម ។
(ញ)កំណួចកំណាន់ធម្មនុញ្ញសហប្រជាជាតិ និង ច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិដែល រដ្ឋសមាជិកអាស៊ានទទួលស្គាល់ ។
(ដ) អំពើវៀរចាកការចូលរួមចំណែកក្នុងនយោបាយ ឬ សកម្មភាពណានីមួយ​រួមទាំងការប្រើប្រាស់ ដែនដី​របស់ខ្លួ​នដែលប្រព្រឹត្តឲ្យបានសម្រេចដោយរដ្ឋសមាជិកអាស៊ាន ឬ រដ្ឋមិនមែនសមាជិកអាស៊ាន ឬ អរដ្ឋការីណាមួយដែលគំរាមគំហែងអធិបតេយ្យភាព បូរណភាពដែនដី ឬ សេ្ថរភាពនយោបាយ និង សេដ្ឋកិច្ចនៃរដ្ឋសមាជិកអាស៊ាន ។
(ឋ) ការគោរពវប្បធម៌ ភាសា និង សាសនាផ្សេងគ្នារបស់ប្រជាជនអាស៊ាន ដោយសង្កត់ធ្ងន់លើគុណ តម្លៃរួមគ្នាក្នុងស្មារតីឯកភាពក្នុងភាពចម្រុះ ។
(ឌ) មជ្ឈភាពរបស់អាស៊ានក្នុងទំនាក់ទំនងខាងក្រៅផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌ ដោយនៅតែរក្សាការមានចំណែកចូលរួមយ៉ាងសកម្ម ការសម្លឹងមើលទៅខាងក្រៅ មិនបិទបាំង និង មិនិរើសអើង និង
(ឍ) ការប្រកាន់ខ្ជាប់ចំពោះនិយាមពាណិជ្ជកម្មពហុភាគី និង របបដែលមាននិយាមជាមូលដ្ឋាន​របស់​អាស៊ានក្នុងការអនុវត្តតាមកិច្ចសន្យាសេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធិភាព និង ការកាត់បន្ថយជាបណ្តើរៗ ឈាន​ទៅរកការកម្ចាត់ចោលទាំងស្រុងនូវរាល់ឧបសគ្គទាំងអស់ចំពោះ សមាហរណកម្មផ្នែកសេដ្ឋកិច្ច ក្នុងភូមិភាគ ក្នុងរបបសេដ្ឋកិច្ចដែលមានទីផ្សារជាចលករ ។