Friday, May 29, 2009

ជំពូក 3

ជំពូក 3
សមាជិកភាព

មាត្រា 4
រដ្ឋសមាជិក
រដ្ឋសមាជិករបស់អាស៊ាន គឺ ប្រូណេទារុស្លាម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្តូណេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ ម៉ាឡេស៊ី សហភាពភូមា(ម្យៀនម៉ារ) សាធារណរដ្ឋហ្វីលិពិន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃ និង សាធារណរដ្ឋសង្គមនិយមវៀតណាម ។

ជំពូក 2

ជំពូក 2
នីតិបុគ្គលភាព
មាត្រា 3
នីតិបុគ្គលភាពរបស់អាស៊ាន
អាស៊ានក្នុងឋានៈជាអង្គការអន្តររដ្ឋាភិបាលបានទទួលនីតិបុគ្គលភាពតាមរយៈធម្មនុញ្ញនេះ ។

Thursday, May 28, 2009

មាត្រា 2(អាស៊ាន)

មាត្រា 2 (អាស៊ាន)

មាត្រា 2
គោលការណ៍
  1. ក្នុងការអនុវត្តឲ្យបានសម្រេចនូវគោលបំណងដែលមានចែងក្នុងមាត្រា 1, អាស៊ាន និង រដ្ឋសមាជិករបស់អាស៊ានអះអាង និង ប្រកាន់ខ្ជាប់ចំពោះគោលការណ៍ជាមូលដ្ឋានដែលប្រាកដ​មានក្នុងអនុសាវនា អនុមតិ អនុសញ្ញា កិច្ចព្រមព្រៀង សន្ធិសញ្ញា និង ត្រាសារដទៃទៀតរបស់​អាស៊ាន​ ។
  2. អាស៊ាន និង រដ្ឋសមាជិករបស់អាស៊ានប្រតិបត្តិទៅតាមគោលការណ៍ដូចតទៅនេះ
(ក) ការគោរពឯករាជភាព អធិបតេយ្យភាព សមភាព បូរណភាពដែនដី និង អត្តសញ្ញាណជាតិរបស់ រដ្ឋសមាជិកទាំងអស់​ ។​
(ខ) សហកិច្ចសន្យា និង សហភារកិច្ចក្នុងការបង្កបង្កើនសន្តិភាព សន្តិសុខ និង វិបុលភាពក្នុងភូមិភាគ ។
(គ) បំណោះបង់អំពើឈ្លានពាន និង អំពើគំរាមគំហែង ឬ ការប្រើកម្លាំង ឬ សកម្មភាពដទៃទៀតក្នុង លក្ខណៈណាមួយដែលទទឹងទាស់នឹងច្បាប់អន្តរជាតិ ។
(ឃ) ពំនឹងពំនាក់លើអធិករណសមថៈ(ការដោះស្រាយជម្លោះ)ដោយសន្តិវិធី​ ។
(ង) អនន្តរាគមន៍(ការមិនជ្រៀតជ្រែក)ក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន ។
(ច) ការគោរពសិទ្ធិរបស់រដ្ឋសមាជិកនីមួយៗក្នុងការដឹកនាំអត្ថិភាពនៃជាតិរបស់ខ្លួនដោយប្រាសចាក​អន្តរាគមន៍(អំពើជ្រៀតជ្រែក) ​វិទ្ធង្សនា(អំពើចូលបំផ្លាញ) និង ពលក្ការ(អំពើបង្ខំទាំងកំរោល)ពីខាងក្រៅ ។
(ឆ) កិច្ចពិគ្រោះយោបល់ដែលធ្វើឲ្យប្រសើរឡើងអំពីរឿងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​ផលប្រយោជន៍ រួមគ្នារបស់អាស៊ាន ។
(ជ) សេចក្តីប្រកាន់ខ្ជាប់ចំពោះនីតិវិធាន ធម្មាភិបាល(អភិបាលកិច្ចល្អ) គោលការណ៍ប្រជាធិបតេយ្យ និង រដ្ឋាភិបាលអាស្រ័យរដ្ឋធម្មនុញ្ញ ។
(ឈ) ការគោរពសេរីភាពជាមូលដ្ឋាន ការលើកស្ទួយ​ និង ការការពារសិទ្ធិមនុស្ស និង ការលើកស្ទួយ យុត្តិធម៌សង្គម ។
(ញ)កំណួចកំណាន់ធម្មនុញ្ញសហប្រជាជាតិ និង ច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិដែល រដ្ឋសមាជិកអាស៊ានទទួលស្គាល់ ។
(ដ) អំពើវៀរចាកការចូលរួមចំណែកក្នុងនយោបាយ ឬ សកម្មភាពណានីមួយ​រួមទាំងការប្រើប្រាស់ ដែនដី​របស់ខ្លួ​នដែលប្រព្រឹត្តឲ្យបានសម្រេចដោយរដ្ឋសមាជិកអាស៊ាន ឬ រដ្ឋមិនមែនសមាជិកអាស៊ាន ឬ អរដ្ឋការីណាមួយដែលគំរាមគំហែងអធិបតេយ្យភាព បូរណភាពដែនដី ឬ សេ្ថរភាពនយោបាយ និង សេដ្ឋកិច្ចនៃរដ្ឋសមាជិកអាស៊ាន ។
(ឋ) ការគោរពវប្បធម៌ ភាសា និង សាសនាផ្សេងគ្នារបស់ប្រជាជនអាស៊ាន ដោយសង្កត់ធ្ងន់លើគុណ តម្លៃរួមគ្នាក្នុងស្មារតីឯកភាពក្នុងភាពចម្រុះ ។
(ឌ) មជ្ឈភាពរបស់អាស៊ានក្នុងទំនាក់ទំនងខាងក្រៅផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌ ដោយនៅតែរក្សាការមានចំណែកចូលរួមយ៉ាងសកម្ម ការសម្លឹងមើលទៅខាងក្រៅ មិនបិទបាំង និង មិនិរើសអើង និង
(ឍ) ការប្រកាន់ខ្ជាប់ចំពោះនិយាមពាណិជ្ជកម្មពហុភាគី និង របបដែលមាននិយាមជាមូលដ្ឋាន​របស់​អាស៊ានក្នុងការអនុវត្តតាមកិច្ចសន្យាសេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធិភាព និង ការកាត់បន្ថយជាបណ្តើរៗ ឈាន​ទៅរកការកម្ចាត់ចោលទាំងស្រុងនូវរាល់ឧបសគ្គទាំងអស់ចំពោះ សមាហរណកម្មផ្នែកសេដ្ឋកិច្ច ក្នុងភូមិភាគ ក្នុងរបបសេដ្ឋកិច្ចដែលមានទីផ្សារជាចលករ ។


Thursday, May 21, 2009

ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

មើលធម្មនុញ្ញអាស៊ានជាភាសាអង់គ្លេស


បកប្រែក្រៅផ្លូវការដោយព្រះមហាភិរម្យដើម្បីជាប្រយោជន៍ដល់អ្នកសិក្សានិងអ្នកចាប់អារម្មណ៍ជាទូទៅ
ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
អារម្ភកថា
យើងខ្ញុំជាប្រជាជននៃរដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ដោយមានប្រមុខរដ្ឋ ឬ ប្រមុខរដ្ឋាភិបាលនៃប្រទេសប្រូណេទារុស្លាម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្តូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ ម៉ាឡេស៊ី សហភាពភូមា សាធារណរដ្ឋហ្វ៊ីលិពិន​ សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃ និង សាធារណរដ្ឋសង្គមនិយមវៀតណាម ជាតំណាង
-កត់សម្គាល់ដោយមោទកភាពដល់សមិទ្ធិផលនិងវិសាលកម្មដ៏ថ្លៃថ្លារបស់អាស៊ានចាប់តាំងពីមានការស្ថាបនា​ឡើងឯរាជធានីបាងកកដោយការប្រកាសប្រើអនុសាវនាអាស៊ានមក
-រលឹកនឹកដល់សេចក្តីសម្រេចចិត្តក្នុងការស្ថាបនាធម្មនុញ្ញអាស៊ានតាមកម្មវិធីប្រតិបត្តិការរដ្ឋធានីវៀងចន្ទ អនុសាវនាកួលាឡាំពួរស្តីពីការស្ថាបនាធម្មនុញ្ញអាស៊ាន និង អនុសាវនាចេពូស្តីពីប្លង់ខៀវរបស់ ធម្មនុញ្ញអាស៊ាន
-គិតគូរដល់អត្ថិភាពនៃអត្ថប្បយោជន៍រួមគ្នា និង ការពឹងពាក់អាស្រ័យគ្នារវាងប្រជាជន និង រដ្ឋសមាជិករបស់អាស៊ានដែលមានទំនាក់ទាក់ទងគ្នាដោយភូមិសាស្រ្ត ទាំងមានវត្ថុបំណងតែមួយ និង ជោគវាសនារួមគ្នា ។
-បានទទួលឥទ្ធិពលជម្រុលចិត្ត​ និង រួបរួមគ្នាក្រោម (ពាក្យស្លោកថា) "ទស្សនវិស័យតែមួយ អត្តសញ្ញាណតែមួយ និង សហគមសង្គ្រោះតែមួយ" ។
-រួបរួមគ្នាដោយសហច្ឆន្ទៈ និង សហចេតនាតែមួយដើម្បីរស់នៅក្នុងភូមិភាគនៃសន្តិភាព សន្តិសុខ និង ស្ថេរភាពយូរអង្វែង, កំណើនសេដ្ឋកិច្ចជានិរន្ត, វិបុលភាព និង វឌ្ឍនភាពសង្គមរួមគ្នា,និងដើម្បីលើក​ស្ទួយផលប្រយោជន៍ ឧត្តមគតិ និង បំណងប្រាថ្នាជាអាយុជីវិតរបស់យើង ។
-គោរពខ្លឹមសារសំខាន់ជាមូលដ្ឋាននៃមិត្តភាព និង សហប្រតិបត្តិការ និង គោលការណ៍ប្រជាធិបតេយ្យ សមភាព បូរណភាពដែនដី អនន្តរាគមន៍ ឆន្ទាមតិ និង ឯកភាពក្នុងភាពចម្រុះ ។
-ប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ នីតិវិធាន និង ធម្មាភិបាល(អភិបាលកិច្ចល្អ) គោរព និង ការពារសិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋាន ។
-តាំងចិត្តធានារ៉ាប់រងនិរន្តរាភិវឌ្ឍនភាពដើម្បីជាគុណប្រយោជន៍ដល់ជនានុជនជំនាន់បច្ចុប្បន្ន និង អនាគត និង ដើម្បីលើកស្ទួយសុជីវធម៌ ជីវភាព និង សុខុមាលភាពរបស់ប្រជាជន​ជាមជ្ឈមណ្ឌល​នៃដំណើរការកសាងសហគមអាស៊ាន ។
-ជឿជាក់ចំពោះឆន្ទៈចាំបាច់ក្នុងការពង្រីកពង្រឹងពន្ធភាពដែលមានស្រាប់នៃសាមគ្គីភាពក្នុងភូមិភាគ ដើម្បីឈ្វេងយល់សហគមអាស៊ានដែលមានភាពស្អិតរមួតផ្នែកនយោបាយ រួមបញ្ចូលគ្នាផ្នែកសេដ្ឋកិច្ច និង មានទំនួលខុសត្រូវផ្នែកសង្គមដើម្បីឆ្លើយតបទៅនឹងអភិយោគ និង កាលានុវត្តន៍សម័យបច្ចុប្បន្ន និង អនាគតយ៉ាងមានប្រសិទ្ធិភាព ។
-ប្តេជ្ញាចិត្តខិតខំកសាងសហគមតាមរយៈសហប្រតិបត្តិការ និង សមាហរណកម្មដែល​មានភាព​ល្អ​ប្រសើរឡើងជាបន្តបន្ទាប់ ជាពិសេសដោយការស្ថាបនាសហគមអាស៊ានមួយដែលប្រកបដោយសហគមសន្តិសុខអាស៊ាន សហគមសេដ្ឋកិច្ចអាស៊ាន និង សហគមសង្គម-វប្បធម៌អាស៊ាន ​ដូចដែលមានចែងក្នុងអនុសាវនាបាហ្លី ស្តីពីកិច្ចព្រមព្រៀងអាស៊ានលើកទី 2​ ។
-តាមរយៈនេះទើបសម្រេចចិត្តស្ថាបនាគម្រោងការផ្នែកច្បាប់ និង ផ្នែកស្ថាប័នដោយធម្មនុញ្ញនេះ ។
-និងដើម្បីសម្រេចគោលបំណងនេះ ប្រមុខរដ្ឋ ឬ ប្រមុខរដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ានដែលបាន ជួបប្រជុំគ្នាក្នុងសិង្ហបុរីនាឱកាសជាប្រវត្តិសាស្ត្រនៃខួបឆ្នាំទី 40​ នៃការបង្កើតសមាគមអាស៊ាន បានយល់ព្រមគ្នាចំពោះធម្មនុញ្ញនេះ ។
ជំពូក 1
គោលបំណង និង គោលការណ៍
មាត្រា 1
គោលបំណង
គោលបំណងរបស់អាស៊ាន គឺ :
  1. ដើម្បីថែរក្សា និង បង្កបង្កើនសន្តិភាព សន្តិសុខ និង ស្ថេរភាព និង ដើម្បីពង្រីកពង្រឹងគុណតម្លៃផ្នែកសន្តិភាពក្នុងភូមិភាគថែមទៀត ។
  2. ដើម្បីបង្កបង្កើនលំពាស់ក្នុងភូមិភាគដោយការលើកស្ទួយសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និង សង្គម-វប្បធម៌ឲ្យធំទូលាយថែមទៀត ។
  3. ដើម្បីស្ងួនរក្សានូវអាស៊ីអាគ្នេយ៍ឲ្យជាតំបន់ប្រាសចាកអាវុធនុយក្លេអ៊ែរ(នូឃ្លារ) និង ប្រាសចាក អាវុធមហាប្រល័យដទៃទៀតគ្រប់ប្រភេទ ។
  4. ដើម្បីធានារ៉ាប់រងថាប្រជាជន និង រដ្ឋសមាជិករបស់អាស៊ានរស់នៅជាមួយនឹងសកលលោក ដោយសុខសាន្តក្នុងបរិដ្ឋានប្រកបដោយយុត្តិធម៌ ប្រជាធិបតេយ្យ និង សាមគ្គីភាព ។
  5. ដើម្បីបង្កើតទីផ្សារ និង មូលដ្ឋានផលិតកម្មតែមួយដែលមានសេ្ថរភាព វិបុលភាព មានសមត្ថភាពក្នុងការប្រណាំងប្រជែងខ្ពស់ និង មានការរួមបញ្ចូលគ្នាផ្នែកសេដ្ឋកិច្ចដែលមានការ បង្កលក្ខណៈងាយស្រួលផ្នែកពាណិជ្ជកម្ម និង វិនិយោគទុនយ៉ាងមានប្រសិទ្ធិភាព ដែលមាន លំហូរទំនិញ សេវាកម្ម និង វិនិយោគទុនដោយសេរី ដែលមានការបង្កលក្ខណៈងាយស្រួល​ក្នុង ការផ្លាស់ផ្ទេរពាណិជ្ជករ អ្នកប្រកបវិជ្ជាជីវៈ​ សមត្ថជន និង ពលកម្ម និង មានលំហូរមូលធន​ដោយ សេរី ។
  6. ដើម្បីកាត់បន្ថយទុគ្គតភាព(ភាពក្រីក្រ) និង ពង្រួញពង្រៀវគម្លាតវឌ្ឍនកម្មខាងក្នុងអាស៊ាន តាមរយៈជំនួយ និង សហប្រតិបត្តិការទៅវិញទៅមក ។
  7. ដើម្បីពង្រីកពង្រឹងលទ្ធិប្រជាធិបតេយ្យ បង្កបង្កើនធម្មាភិបាល និង នីតិវិធាន​ និង ដើម្បីលើកស្ទួយ ព្រមទាំងការពារសិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋាន ដោយគិតគូរដល់សិទ្ធិ និង តួនាទីទទួល ខុសត្រូវនៃរដ្ឋសមាជិករបស់អាស៊ាន ។
  8. ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពតាមគោលការណ៍សន្តិសុខគ្រប់មជ្ឈដ្ឋានទៅនឹងអំពើគំរាមគំហែង ឧក្រិដ្ឋកម្មអន្តររដ្ឋ និង អភិយោគអន្តរសីមាគ្រប់រូបបែប ។
  9. ដើម្បីលើកស្ទួយនិរន្តរាភិវឌ្ឍនភាពសំដៅធានាឲ្យបាននូវការការពារបរិដ្ឋានរបស់ភូមិភាគ និរន្តរភាពនៃធនធានធម្មជាតិរបស់ភូមិភាគ សម្ងួនរក្សាបេតិកភណ្ឌវប្បធម៌របស់ភូមិភាគ និង គុណភាពជីវិតខ្ពស់នៃប្រជាជនរបស់ភូមិភាគ ។
  10. ដើម្បីអភិវឌ្ឍធនធានមនុស្សតាមរយៈសហប្រតិបត្តិការដ៏ជិតស្និទ្ធថែមទៀតក្នុងវិស័យអប់រំ និង ការសិក្សារហូតអាយុកាល​ទាំងក្នុងវិស័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ដើម្បីបង្កើនសក្តានុពលប្រជាពលរដ្ឋអាស៊ាន និង ដើម្បីពង្រីកពង្រឹងសហគមអាស៊ាន ។
  11. ដើម្បីបង្កបង្កើនសុជីវធម៌ និង ជីវភាពរបស់ប្រជាជនអាស៊ានដោយការផ្តល់ឲ្យប្រជាជនមាន​ឱកាសស្មើៗគ្នាក្នុងការអភិវឌ្ឍមនុស្ស សុខុមាលភាពសង្គម និង យុត្តិធម៌ ។
  12. ដើម្បីពង្រីកពង្រឹងសហប្រតិបត្តិការក្នុងការកសាងបរិដ្ឋានដែលមានសុវត្ថិភាព ស្ថេរភាព និង ប្រាសចាកគ្រឿងញៀនដល់ប្រជាជនអាស៊ាន ។
  13. ដើម្បីលើកស្ទួយអាស៊ានដែលមានប្រជាជនជាទិសដៅដែលសង្គមគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវលើកទឹកចិត្តឲ្យចូលរួមចំណែក និង​ ទទួលផលប្រយោជន៍ពីដំណើរការសមាហរណកម្ម និង នវកម្មសហគមអាស៊ាន ។
  14. ដើម្បីលើកស្ទួយអត្តសញ្ញាណអាស៊ានតាមរយៈការផ្សាំបណ្តុះស្មារតីភ្ញាក់រលឹកវប្បធម៌ និង បេតិកភណ្ឌចម្រុះឆ្លុះឆ្លាស់របស់ភូមិភាគខ្លាំងថែមទៀត និង
  15. ដើម្បីថែរក្សាចំណុចរួម និងតួនាទីសម្រុកសម្រួលរបស់អាស៊ានឲ្យជាកម្លាំងចលករចម្បងក្នុង​ទំនាក់ទំនង និង សហប្រតិបត្តិការជាមួយនឹងភាគីក្រៅភូមិភាគក្នុងនិម្មាបនកម្មភូមិភាគដែល​បើកចំហ មានតម្លាភាព និង មិនបិទបាំង ។

Friday, March 13, 2009

គោលគំនិតប្រជាធិបតេយ្យតាមព្រះសុត្តន្តបិដក



គោលគំនិតប្រជាធិបតេយ្យតាមព្រះសុត្តន្តបិដក

principle of democracy in Suttanta Pitaka
1.គោលសេរីភាពផ្នែកគំនិត ព្រះពុទ្ធជាម្ចាស់ទ្រង់បើកឱកាសឲ្យអ្នកស្រុកកាលាមៈត្រិះរិះពិចារណាជឿ ឬ មិនជឿពាក្យ ប្រៀនប្រដៅរបស់អ្នកបួសដែលមកផ្សព្វផ្សាយសាសនាដូចមានសេចក្តីដូចតទៅនេះ
"ម្នាលកាលាមៈទាំងឡាយ​! អ្នកទាំងឡាយកុំអាលជឿគ្រាន់តែព្រោះ
1. ការស្តាប់ឮតាមៗគ្នាមក(មា អនុស្សវេន=កុំអាល ជឿតាមសេចក្តីរាយការណ៍)
2.ការប្រកាន់តាមៗគ្នាមក(មា បរម្បបរាយ=កុំអាលជឿតាមទំនៀមដែលកាន់តៗគ្នាមក)"

3.ពាក្យចចាមអារាម​(មា ឥតិកិរាយ =កុំអាលជឿតាមពាក្យចចាមអារាម)

4.ការអាងក្បួនច្បាប់ (មា បិដកសម្បទានេន =កុំអាលជឿតាមការអាងក្បួនច្បាប់)

5.តក្កៈ (មា ​តក្កហេតុ=កុំអាលជឿតាមតក្កវិទ្យា)

6.លំនឹកស្មាន (មា នយហេតុ =កុំអាលជឿតាមលំនឹកស្មាន)

7.ការត្រិះរិះតាមអាការ (មា អាការបរិវិតក្កេន=កុំអាលជឿតាមការត្រិះរិះតាមអាការ)

8.ចូលនឹងទ្រឹស្ថីដែលខ្លួនបានគ្នាន់គ្នេរទុក (មា ទិដ្ឋិនិជ្ឈាខន្តិយា=កុំអាលជឿព្រោះតែចូលនឹងទ្រឹស្តី ដែលខ្លួនបានគ្នាន់គ្នេរទុក)

9.មើលឃើញរូបរាងគួរឲ្យជឿបាន (មា ភព្វរូបតាយ =កុំអាលជឿព្រោះមើលឃើញរូបរាងគួរ ឲ្យជឿបាន)

10.យល់ឃើញថា សមណៈនេះជាគ្រូរបស់យើង (មា សមណោ នោ គរូតិ =កុំអាលជឿព្រោះយល់ ឃើញថា សមណៈនេះជាគ្រូរបស់យើង) ។

លុះត្រាតែយល់ច្បាស់ដោយខ្លួនឯង ថា ធម៌ទាំងនោះ ជាអកុសល ជាកុសល មានទោស មិនមាន ទោសជាដើមហើយ គួរលះចោល ​ឬ កាន់បដិបត្តិតាមនោះ" ។

2.គោលសមភាគ ក្នុងព្រះធម្មវិន័យ យើងសង្កេតឃើញអច្ឆរិយភាព 8 យ៉ាង ដោយប្រៀបធៀប អច្ឆរិយភាព​របស់មហាសមុទ្រ 8 យ៉ាង​ដូចតទៅ

  1. ព្រះធម្មវិន័យ ឬ ព្រះពុទ្ធសាសនាមានការសិក្សារៀនសូធ្យតាមលំដាប់លំដោយ ធ្វើតាម​លំដាប់លំដោយ បដិបត្តិតាមលំដាប់លំដោយ ចាក់ធ្លុះចំពោះអរហត្តមគ្គដោយការធ្វើយ៉ាងជាប់ លាប់ដូចយ៉ាងមហាសមុទ្រមានជម្រៅជ្រៅទៅតាមលំដាប់ ។
  2. សាវ័ករបស់ព្រះពុទ្ធជាម្ចាស់ពិតប្រាកដមិនសុខចិត្តប្រព្រឹត្តល្មើសសិក្ខាបទដែលទ្រង់បញ្ញត្តទុកជាដាច់ខាត សូម្បីត្រូវលះបង់ជីវិតក៏មិនសុខចិត្តល្មើសដែរ ប្រៀបដូចជាមហាសមុទ្រមិនចេះហៀរមាត់ច្រាំង ដូច្នោះ ។
  3. សង្ឃតែងបន្សាត់បុគ្គលអាក្រក់ឲ្យអណ្តែតចេញទៅឆ្ងាយប្រៀបដូចជាមហាសមុទ្របក់ផាត់បន្សាត់សាកសពឲ្យអណ្តែតចូលទៅកាន់មាត់ច្រាំង ដូច្នោះ ។
  4. វណ្ណៈទាំង​​ 4 កាលចេញបួសហើយត្រូវលះបង់គោត្តនាមពីមុនចោល ដល់នូវការរាប់ថាជា​ សមណសក្យបុត្រប្រៀបដូចជាទឹកហូរចេញពីស្ទឹងទាំងឡាយ កាលមកដល់មហាសមុទ្រហើយ ក៏ក្លាយទៅជាទឹកមហាសមុទ្រដូចគ្នាទាំងអស់ ។
  5. ទោះបីជាភ្លៀងបង្អុរចុះយ៉ាងណា មហាសមុទ្រក៏នៅតែមិនពេញប្រៀប ភិក្ខុក្នុងធម្មវិន័យនេះ ដែលរំលត់កិលេសដោយនិព្វានធាតុ ក៏មិនធ្វើឲ្យព្រះនិព្វានពេញដែរ ។
  6. ព្រះធម្មវិន័យមានរសជាតិតែមួយ គឺ វិមុត្តិរស-រសជាតិនៃសេចក្តីរួចផុតស្រឡះចាកកិលេស ប្រៀបដូចជាមហាសមុទ្រមានរសជាតិតែមួយ គឺ រសជាតិប្រៃ ។
  7. មហាសមុទ្រសម្បូរទៅដោយរតនៈផ្សេងៗយ៉ាងណា ព្រះធម្មវិន័យក៏សម្បូរទៅដោយធម្មរតនៈ គឺ សតិបដ្ឋាន 4 សម្មប្បធាន 4 ឥទ្ធិបាទ 4 ឥន្រ្ទីយ៍ 5 ពលៈ 5 ពោជ្ឈង្គ 7 មគ្គ 8 យ៉ាងនោះ ។
  8. មហាសមុទ្រជាជម្រករបស់ជីវសត្វធំៗដូចជា ត្រីតិមិតិមង្គលា តិបរិមង្គលា អសូរ នាគ គន្ធព្វ យ៉ាងណា ព្រះធម្មវិន័យក៏មានអរិយបុគ្គល 4 និង អ្នកបដិបត្តិដើម្បីអរិយបុគ្គល 4​ យ៉ាងនោះ ។ ព្រោះហេតុនោះ ទើបធ្វើឲ្យភិក្ខុត្រេកអរក្នុងព្រះធម្មវិន័យនេះ ។
3.គោលភាតរភាព ឬ​ សហធម្មិក អ្នកបដិបត្តិធម៌រួមគ្នា គួរមានគុណធម៌ដូចតទៅនេះ
  • សង្គហវត្ថុ 4 គឺ (ទាន)ចេះចែករំលែកវត្ថុទាន ឬ ធម្មទាន​ដែលខ្លួនមានដល់អ្នកដទៃ, (បិយវាចា)ពោលវាចាពីរោះផ្អែម​ល្ហែមបណ្តុះសាមគ្គីភាពទៅរកអ្នកដទៃ, (អត្ថចរិយា) បំពេញ​ប្រយោជន៍​សាធារណៈ,(សមានត្តតា)​ បដិបត្តិស្មើដើមស្មើចុង គឺ​ បដិបត្តិដោយស្មើមុខគ្នាចំពោះ ជនានុជន រួមសុខរួមទុក្ខ ចូលរួមដោះស្រាយតាមឋានៈ​ ហេតុការណ៍ និង កាលៈទេសៈ​ ។
  • សារាណីយធម៌ 6 គុណធម៌សម្រាប់ការរស់នៅរួមគ្នា គោលសម្របសម្រួល គឺ (មេត្តាកាយកម្ម​) ជួយខ្វល់ខ្វាយក្នុងកិច្ចការរបស់អ្នកនៅរួមគ្នាដោយសេចក្តីពេញចិត្ត សម្តែងកិរិយាសុភាពរាបសា គោរពរាប់អានគ្នាទាំងនៅចំពោះមុខ និង កំបាំងមុខ, (មេត្តាវចីកម្ម) ជួយប្រាប់អ្វីដែលជា​ប្រយោជន៍ ដាស់តឿនក្រើនរំលឹកដោយបំណងល្អ ពោលវាចាសុភាពរាបសា សម្តែងសេចក្តី គោរពរាប់អានគ្នាទាំងនៅចំពោះមុខ និង កំបាំងមុខ, (មេត្តាមនោកម្ម) ផ្គងចិត្តគិតល្អ គឺ គិតអ្វី ដែលជាប្រយោជន៍ដល់គ្នាទៅវិញទៅមក នឹកគិតរកគ្នាដោយសុទិដ្ឋិនិយម មានទឹកមុខ​ញញឹម​ញញែមរកគ្នាទាំងនៅចំពោះមុខ និង កំបាំងមុខ, (សាធារណភោគិតា ឬ អប្បដិវត្តភោគី) កាលបើបានវត្ថុណានីមួយមកដោយសុចរិត​ ទោះតិចតួចក្តី ក៏យកមកចែករំលែកគ្នាបរិភោគ ​ មិន ហួងហែងទុកតែម្នាក់ឯង,(សីលសាមញ្ញតា) មានកិរិយាប្រព្រឹត្តសុចរិតត្រឹមត្រូវតាមរបៀប​វិន័យទាំងនៅចំពោះមុខ និង កំបាំងមុខ,(ទិដ្ឋិសាមញ្ញតា) មានគំហើញត្រូវដូចគ្នា ដែលជាគោល ការណ៍ដ៏សំខាន់ឆ្ពោះទៅរកការរំលត់ទុក្ខ ឬ ដោះស្រាយបញ្ហាបាន ។
​​ គុណធម៌ទាំង​ 6 នេះ មានគោលបំណងដូចតទៅ
  • ដើម្បីធ្វើឲ្យអ្នកនៅរួមគ្នាចាំដក់ជាប់ក្នុងចិត្ត (សារាណីយៈ)
  • ដើម្បីធ្វើឲ្យអ្នកនៅរួមគ្នាកើតសេចក្តីស្រឡាញ់ (បិយករណ៍)
  • ដើម្បីធ្វើឲ្យអ្នកនៅរួមគ្នាកើតសេចក្តីគោរព (គរុករណ៍)
  • ដើម្បីអនុគ្រោះស្រុះស្រួលគ្នា (សង្គហៈ)
  • ដើម្បីមិនឲ្យកើតជម្លោះ (អវិវាទ)
  • ដើម្បីសាមគ្គីព្រមព្រៀងគ្នា (សាមគ្គី)
  • ដើម្បីឯកភាពគ្នាជាធ្លុងមួយ (ឯកីភាវៈ)
  • គោលអបរិហានិយធម៌ 7 គោលធម៌ដែលជាទីតាំងនៃសេចក្តីរីកចម្រើន មិនអាប់ឱនដុនដាប សម្រាប់អ្នកគ្រប់គ្រងរដ្ឋ​ គឺ
  1. បើកសម័យប្រជុំជាប្រចាំ
  2. ព្រមព្រៀងគ្នាចូលរួមប្រជុំ-ធ្វើច្បាប់ដែលត្រូវធ្វើ និង ព្រមព្រៀងគ្នាបិទប្រជុំ
  3. មិនធ្វើវិសោធនកម្មគោលការណ៍ដើមចោល
  4. គោរពអ្នកចាស់ទុំនយោបាយ
  5. គោរពសិទ្ធិស្រ្តីមិនឲ្យត្រូវគេរំលោភ
  6. គោរពប្រាសាទ ចេតីយ៍ វីរបុរស វិមានឯករាជ្យ វិមានអនុសាវរីយ៍សំខាន់ៗរបស់ជាតិ
  7. រក្សាការពារសមណៈព្រាហ្មណ៍អ្នកបដិបត្តិល្អ បដិបត្តិត្រឹមត្រូវក្នុងប្រទេស
4.គោលការណ៍ប្រើប្រាស់អធិបតេយ្យ ព្រះពុទ្ធជាម្ចាស់ទ្រង់និយមយក ធម្មាធិបតេយ្យ គឺ គោលការណ៍ច្បាប់ជាធំ មិនយក អត្តាធិបតេយ្យ យកខ្លួនឯងជាធំ ឬ លោកាធិបតេយ្យ យកបក្ស​ពួកជាធំទេ សមដូចតម្រាស់ដែលព្រះអង្គត្រាស់ទុកថា
"ទីណាគ្មានសប្បុរស ទីនោះមិនមែនជាសភាទេ "
សប្បុរស គឺ អ្នកស្គាល់ហេតុ-ស្គាល់ផល-ស្គាល់មនុស្ស-ស្គាល់ប្រមាណ-ស្គាល់កាល-ស្គាល់ប្រជុំជន-និង ស្គាល់សម្ពន្ធភាពរវាងបុគ្គល ទើបពោលបានថា
"ព្រះធម្មវិន័យ របស់ព្រះពុទ្ធជាម្ចាស់ជាគោលការណ៍គ្រប់គ្រងរបស់ព្រះសង្ឃ ដោយព្រះសង្ឃ និង ដើម្បីព្រះសង្ឃ ដែលមានប្រយោជន៍ 10 យ៉ាង ជាគោលដៅ​ គឺ
  1. ដើម្បីសង្ឃទទួលស្គាល់ថាល្អប្រពៃ
  2. ដើម្បីឲ្យសង្ឃមានសេចក្តីសុខស្រួល
  3. ដើម្បីបង្រាបមនុស្សអាក្រក់
  4. ដើម្បីការពារមនុស្សល្អ
  5. ដើម្បីកម្ចាត់ទុក្ខនាបច្ចុប្បន្ន
  6. ដើម្បីកម្ចាត់ទុក្ខនាអនាគត
  7. ដើម្បីអ្នកដែលមិនទាន់ជ្រះថ្លា​ បានមានសេចក្តីជ្រះថ្លា
  8. ដើម្បីរក្សាទឹកចិត្តរបស់អ្នកដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាថែមទៀត
  9. ដើម្បីសេចក្តីតាំងនៅគង់វង្សនៃព្រះសទ្ធម្ម គឺ ព្រះពុទ្ធសាសនា
  10. ដើម្បីអនុគ្រោះព្រះវិន័យ គឺ គោលការណ៍ដ៏ល្អប្រពៃនៃការរស់នៅរួមគ្នាដោយសន្តិភាព"
លទ្ធិប្រជាធិបតេយ្យ ចាត់ទុកថាជាគោលការណ៍គ្រប់គ្រងរបស់ប្រជាជន ដោយប្រជាជន និង ដើម្បីប្រជាជន ក្នុងការបញ្ញត្តច្បាប់ក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ​មានគោលបំណង 10 យ៉ាង គឺ
  1. ដើម្បីប្រជាជនទទួលស្គាល់ថាត្រឹមត្រូវ
  2. ដើម្បីឲ្យប្រជាជនមានសុវត្ថិភាព ស្ថេរភាព
  3. ដើម្បីដាក់ទោសជនល្មើសច្បាប់
  4. ដើម្បីការពារអ្នកគោរពច្បាប់
  5. ដើម្បីដោះស្រាយស្ថានការណ៍នាបច្ចុប្បន្ន
  6. ដើម្បីដោះស្រាយស្ថានការណ៍នាអនាគត
  7. ដើម្បីលើកទឹកចិត្តអ្នកដែលមិនទាន់គោរពច្បាប់ ឲ្យបែរមកគោរពច្បាប់
  8. ដើម្បីរក្សាទឹកចិត្តរបស់អ្នកដែលគោរពច្បាប់ហើយ ឲ្យកាន់តែគោរពច្បាប់ថែមទៀត
  9. ដើម្បីភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ
  10. ដើម្បីលើកស្ទួយអន្តរប្បញ្ញត្តិ គឺ គោលការណ៍ល្អប្រពៃនៃការរួមរស់ជាមួយគ្នាដោយសន្តិភាព ដូច្នេះហោង ។

Tuesday, March 10, 2009

គោលគំនិតប្រជាធិបតេយ្យតាមព្រះវិន័យបិដក



គោលគំនិតប្រជាធិបតេយ្យតាមព្រះវិន័យបិដក




ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បញ្ញត្តព្រះវិន័យដើម្បីជាបែបបដិបត្តិរបស់ព្រះសង្ឃ ប៉ុន្តែការបញ្ញត្តព្រះវិន័យនោះទ្រង់បញ្ញត្តឡើងក្នុងជំនុំសង្ឃ មិនមែនទ្រង់បញ្ញត្តតាមព្រះទ័យរបស់ព្រះអង្គទេ លុះណាតែ
កើតរឿងរ៉ាវឡើងហើយទើបទ្រង់កោះហៅអ្នកប្រព្រឹត្តខុសមកសាកសួរក្នុងជំនុំសង្ឃរួចហើយទ្រង់បញ្ញត្តព្រះវិន័យឡើងដោយឆន្ទានុម័តិរបស់សង្ឃដែលសុខចិត្តយកទៅបដិបត្តិនិងធ្វើ កិច្ចការផ្សេងៗរបស់សង្ឃ​

កិច្ចការអ្វីៗសុទ្ធតែធ្វើក្នុងនាមជាសង្ឃទាំងអស់លើកលែងតែ អបលោកនកម្ម មួយចេញ គឺ
ញត្តិកម្ម-ធ្វើឡើងដោយសង្ឃចតុវគ្គ គឺ ចាប់ពី 4 ​រូប ឡើងទៅ ដូចជា ការសូធ្យបាតិមោក្ខ ជាដើម
ញត្តិទុតិយកម្ម- ធ្វើឡើងដោយសង្ឃបញ្ចវគ្គ គឺ ចាប់ពី 5 រូប ឡើងទៅ ដូចជា រឿងកឋិន ជាដើម
ញត្តិចតុត្ថកម្ម-ធ្វើឡើងដោយសង្ឃទសវគ្គ គឺ ចាប់ពី 10 រូបឡើងទៅ ដូចជា ការបំបួសកុលបុត្រជាដើម ប៉ុន្តែក្នុងទីដាច់ស្រយាល មិនដល់ 10 រូប ក៏បាន
ការឲ្យមានត្ត ការសូធ្យអព្ភាន ត្រូវការសង្ឃចាប់ពី 20 រូបឡើងទៅ
ហេតុដូច្នេះ សម្តែងឲ្យឃើញថា
-ព្រះវិន័យ ប្រៀបដូចជា រដ្ឋធម្មនុញ្ញ និង ច្បាប់ផ្សេងៗ
-ព្រះសង្ឃ ប្រៀបដូចជា សមាជិកសភាតំណាងរាស្ត្រ
-គុណសម្បត្តិរបស់សង្ឃ គឺជា គុណសម្បត្តិរបស់សមាជិក
-អំណាចរបស់ព្រះសង្ឃ គឺជា អំណាចអធិបតេយ្យ
អធិករណ៍សង្ឃទាំង 4 ​គឺ

  1. វិវាទាធិករណ៍ ការឈ្លោះប្រកែកគ្នារឿងធម៌​វិន័យ
  2. អនុវាទាធិករណ៍ ការចោទប្រកាន់គ្នាដោយបទល្មើសផ្សេងៗ(អាបត្តិ=បទល្មើស)
  3. អាបត្តាធិករណ៍ ការប្រព្រឹត្តរំលោភបទល្មើសផ្សេងៗ
  4. កិច្ចាធិករណ៍ កិច្ចរបស់សង្ឃដែលត្រូវធ្វើដោយសង្ឃចំនួនផ្សេងៗ

អធិករណ៍សង្ឃទាំង 4 ត្រូវរម្ងាប់ដោះស្រាយដោយគោលការណ៍ដែលហៅថា អធិករណសមថៈ 7 គឺ

  1. សម្មុខាវិន័យ ការរម្ងាប់ដោះស្រាយនៅចំពោះមុខសង្ឃ ចំពោះមុខបុគ្គល ចំពោះមុខវត្ថុ(តាង)
  2. សតិវិន័យ ការរម្ងាប់ដោះស្រាយដោយការផ្តល់កិត្តិយសដល់ព្រះអរហន្តដែលលោកជាអ្នក មានសតិស្មារតីពេញលេញ (ព្រះអរហន្តមានអភ័យឯកសិទ្ធិពិសេសមិនអាច​ចោទប្រកាន់បាន​ដោយបទល្មើសណាមួយ)
  3. អមូឡ្ហកវិន័យ ការរម្ងាប់ដោះស្រាយដោយការលើកលែងទោសដល់អ្នកប្រព្រឹត្តខុសក្នុងខណៈ ដែលឆ្កួតវង្វេងវង្វាន់មិនដឹងខុសត្រូវ
  4. យេភុយ្យសិកា ការរម្ងាប់ដោះស្រាយជម្លោះដោយសម្លេងភាគច្រើន
  5. បដិញ្ញាតករណៈ​ការរម្ងាប់ដោះស្រាយដោយសម្លេងភាគច្រើន
  6. តស្សបាបិយសិកាកម្ម ការរម្ងាប់ដោះស្រាយដោយការដាក់ទោសទណ្ឌដល់ជនជាប់ចោទដែល កំពុងត្រូវសាកសួរចម្លើយ ប៉ុន្តែនិយាយក្រឡិចក្រឡុច ម្តងទទួល ម្តងបដិសេធ ម្តងបដិសេធ ម្តងទទួល ជាដើម
  7. តិណវត្ថារកវិន័យ ការរម្ងាប់ដោះស្រាយជម្លោះដោយការសម្របសម្រួលទាំងពីរភាគី ប្រៀបដូច ជា​យកស្មៅកប់លប់របស់មិនស្អាតមិនឲ្យមានក្លិនដូច្នោះ ។

ទាំងអធិករណ៍ទាំងវិធីសាស្ត្រដោះស្រាយត្រូវធ្វើជាសង្ឃកិច្ចដោយច្រើន ប្រៀបដូចជាការបង្កើត​គណៈកម្មាធិការផ្សេងៗដើម្បីដោះស្រាយបញ្ហា ឬ ជម្លោះណាមួយ ហេតុដូច្នេះព្រះសង្ឃត្រូវធ្វើការងារ ជាក្រុម(working group)សហការគ្នាជួយកិច្ចការសមូហភាគ ។

ក្នុងការប្រជុំគ្នាធ្វើកិច្ចការណាមួយជាក្រុមនោះ ត្រូវមានមតិជាឯកច្ឆន្ទពិតប្រាកដ បើមានចំណុចណានៅ សង្ស័យមិនអស់ចិត្ត អាចប្រើសិទ្ធិជំទាស់(veto)បាន សូម្បីតែមួយសម្លេងសង្ឃក៏ត្រូវតែស្តាប់ដែរ សមដូចពាក្យខាងចុងកម្មវាចា(formal announcement) ថា "យស្សាយស្មតោ ខមតិ........ សោ តុណ្ហស្ស យស្ស ន ខមតិ សោ ភាសេយ្យ" "បើកម្មនេះគាប់ព្រះទ័យចំពោះព្រះគុណម្ចាស់រូបណា ព្រះគុណម្ចាស់រូបនោះគប្បីនៅស្ងៀម បើមិនគាប់ព្រះទ័យចំពោះព្រះគុណម្ចាស់រូបណាទេ ព្រះគុណ ម្ចាស់រូបនោះគប្បីស្រដីឡើង"​។

ម្យ៉ាងទៀត ការធ្វើកិច្ចការណាក៏ដោយ ព្រះវិន័យកំណត់ឲ្យសង្ឃធ្វើដោយព្រមព្រៀងគ្នា សមដូចពាក្យ ចាប់ផ្តើមកម្មវាចា ថា​"យទិ សង្ឃស្ស បត្តកល្លំ" "បើសង្ឃព្រមព្រៀងគ្នាហើយ សង្ឃគប្បីធ្វើ......."

Monday, March 2, 2009

ពុទ្ធវិធីក្នុងការអភិវឌ្ឍសិទ្ធិមនុស្ស



ក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ប្រជាជនត្រូវការសេរីភាពជាខ្លាំង ពាក្យថា​ សេរីភាព ក្នុងភាសាបាលីហៅថា វិមុត្តិ (freedom) ប្រែថា រួចស្រឡះ គឺ រួចផុតពីអ្វីៗដែលជាគ្រឿងរារាំងរបស់ជីវិត
សេរីភាពចែកជា 4 យ៉ាង គឺ
1.សេរីភាពជាមូលដ្ឋាន គឺ​ សេរីភាពក្នុងការមានបច្ច័យ 4 គ្រប់គ្រាន់ មិនខ្វះបច្ច័យ 4 តើអ្វីទៅជាបច្ច័យ 4?
បច្ច័យ 4 គឺ ចំណីអាហារ សម្លៀកបំពាក់​ លំនៅឋាន ថ្នាំពេទ្យ ការខ្វះខាតបច្ច័យ 4 ជាឧបសគ្គក្នុងការរស់ រានមានជីវិត
វត្ថុចាំបាច់សម្រាប់ជីវិត​ ​គឺ​ បច្ច័យ 4 ជីវិតមនុស្សរស់នៅបានដោយសុខស្រួល ចាំបាច់ត្រូវអាស្រ័យបច្ច័យ 4 គឺ​ ចំណីអាហារ សម្លៀកបំពាក់ លំនៅឋាន និង ថ្នាំរក្សារោគ បច្ច័យទាំង 4 នេះ ចាត់ទុកថា ជាវត្ថុ ចាំបាច់ជាមូលដ្ឋានរបស់មនុស្ស ប៉ុន្តែមានអ្នកជំទាស់ថា ចុះខ្យល់អាកាសសម្រាប់ដកដង្ហើមមិនជា បច្ច័យសំខាន់របស់មនុស្សទេឬ? ឆ្លើយថា ខ្យល់ដកដង្ហើមចាត់ចូលក្នុងវាយោធាតុ ជាអង្គធាតុសំខាន់ មួយរបស់រាងកាយ គឺ បឋវីធាតុ (ធាតុដី) អាបោធាតុ (ធាតុទឹក) វាយោធាតុ (ធាតុខ្យល់) តេជោធាតុ (ធាតុភ្លើង) អង្គធាតុទាំង 4 នេះ ចាត់ទុកថាជាបច្ច័យខាងក្នុងរាងកាយ ប៉ុន្តែបច្ច័យខាងក្រៅដែលចាំបាច់ នោះមាន 4 យ៉ាងហ្នឹងឯង ។
ព្រះពុទ្ធជាម្ចាស់ទ្រង់ពិចារណាឃើញសារៈសំខាន់របស់បច្ច័យ 4 ទើបទ្រង់កំណត់ទុកជាលំនាំទូន្មាន ប្រៀនប្រដៅដល់កុលបុត្រដែលចូលមកជាសមាជិករបស់សង្គមសង្ឃគ្រប់ៗរូបថា ព្រះឧបជ្ឈាយ៍ ឬ ប្រធានសង្ឃក្នុងការបំបួសកុលបុត្រនោះ ត្រូវតែប្រាប់ករណីយកិច្ច 4 យ៉ាងដូចមានសេចក្តីក្នុង មហាខន្ធកៈវិន័យបិដកថា "ការបួសនេះអាស្រ័យអាហារដែលបានមកដោយការបិណ្ឌបាត អ្នកបួសរាល់រូបគួរធ្វើសេចក្តីឧស្សាហ៍ក្នុងការដើរបិណ្ឌបាតអស់មួយជីវិត អាហារដែលចាត់ទុកថាលើសលន់(អតិរេកលាភ) គឺ អាហារសម្រាប់សង្ឃ អាហារដែលឧទ្ទិសចំពោះ អាហារក្នុងកិច្ចនិមន្ត អាហារដែលបានមកតាមស្លាក អាហារដែលអ្នកមានសទ្ធាប្រគេនរាល់បក្ខ អាហារក្នុងថ្ងៃសីល អាហារដែលបានក្នុងតិថី 1 រោជ ឬ 1 កើត "
"ការបួសនេះអាស្រ័យសំពត់បង្សុកូល​ អ្នកបួសរាល់រូបគួរធ្វើសេចក្តីឧស្សាហ៍ក្នុងសំពត់បង្សុកូល(សំពត់ ដែល​អ្នកស្រុកបោះចោលនៅតាមគំនរសំរាម ឬ សំពត់រុំសាកសព)រហូតមួយជីវិត សំពត់ដែល ចាត់ទុក ថាលើសលន់ (អតិរេកចីវរ)​ គឺ សំពត់សបកឈើ សំពត់កប្បាស សំពត់កម្ពល សំពត់ធ្មៃ សំពត់ព្រែ" ។
"ផ្នួសនេះអាស្រ័យការរស់នៅក្បែរគល់ឈើ អ្នកបួសរាល់រូបគួរធ្វើសេចក្តីព្យាយាមក្នុងការរស់នៅ​ក្បែរ គល់ឈើរហូតមួយជីវិត​ សេនាសនៈដែលចាត់ទុកថាលើសលន់​ គឺ វិហារ ផ្ទះកន្លះល្វែង ប្រាសាទ ផ្ទះ ល្អាង " ។
"ផ្នួសនេះអាស្រ័យភេសជ្ជៈ(ថ្នាំកែរោគ)​ គឺ ថ្នាំត្រាំដោយទឹកមូត្រស្អុយ អ្នកបួសរាល់រូបគួរធ្វើសេចក្តី ឧស្សាហ៍ក្នុងថ្នាំប្រភេទនោះរហូតមួយជីវិត ភេសជ្ជៈដែលចាត់ទុកថា លើសលន់​ គឺ ទឹកដោះថ្លា ទឹកដោះ ខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ "​​ ។
ការប្រើប្រាស់បច្ច័យ 4 ប្រកាន់យកជាប្រយោជន៍ និង សេចក្តីល្មាក់ល្មមជាប្រមាណ ចំណីអាហារមាន​ប្រយោជន៍ដល់ការទ្រទ្រង់ជីវិតរាងកាយ អនុគ្រោះដល់ការអនុវត្តតួនាទី កម្ចាត់រោគហេវ ផ្តល់​ផាសុកភាព​ ដល់រាងកាយ ប៉ុន្តែត្រួវតែស្គាល់ប្រមាណក្នុងការបរិភោគអាហារផង ។​សម្លៀកបំពាក់មាន វត្ថុបំណងដើម្បីបិទបាំងកេរ្តិ៍ខ្មាស់ ការពារកម្តៅថ្ងៃ ឬ ភាពត្រជាក់ ឬ គ្រោះថ្នាក់​ពីសត្វផ្សេងៗ ។

លំនៅឋាន មានប្រយោជន៍ដល់ការការពារកម្តៅថ្ងៃ ឬ ភាពត្រជាក់ ឬ គ្រោះថ្នាក់ពីសត្វផ្សេងៗ ដើម្បីសាងភាពស្ងប់ចិត្ត ។

ថ្នាំកែរោគមានប្រយោជន៍ដល់ការកម្ចាត់ភាព​ឈឺ​ចាប់ដែល​កើតពីជម្ងឺ ដើម្បីឲ្យខ្លួនរួចផុតចាករោគ ផ្សេងៗ មានសុខភាពល្អ ដូច្នេះ ថ្នាំកែរោគមាន​សេចក្តី ចាំបាច់ដល់ជីវិតទាំងជាថ្នាំបំបាត់ និងថ្នាំប៉ូវ ។

ដោយសារតែមនុស្សមានគំនិតឆ្នៃប្រឌិតជារឿយៗ សកម្មភាពផ្នែកថ្នាំពេទ្យ ថ្នាំកែរោគទើបចម្រើន ជឿនលឿនទៅជារឿយៗ ទាំងថ្នាំលេប ថ្នាំបន្តក់ ថ្នាំលាប ថ្នាំចាក់ ។ល។
2.សេរីភាពខាងសង្គម សំដៅដល់ ការដែលមនុស្សអាចរួមរស់នៅជាមួយគ្នាបានដោយមិនបៀត បៀនគ្នា មានសុវត្ថិភាពទាំងជីវិត និង ទ្រព្យសម្បត្តិ ។
3.សេរីភាពខាងគំនិត អាចគិតសាងប្រឌិតអ្វីៗបានដោយគ្មានអ្វីមកគ្របសង្កត់គំនិតបាន ឧ.សេរីភាព ខាងការនិយាយ បោះពុម្ព ផ្សព្វផ្សាយ ជឿកាន់លទ្ធិសាសនា ។ល។
4.សេរីភាពខាងចិត្តវិញ្ញាណ បានដល់ ចិត្តមិនស្ថិតនៅក្រោមឥទ្ធិពលរបស់កិលេស គឺ លោភៈ ទោសៈ មោហៈ​ យ៉ាងដាច់ស្រឡះហើយ ។